គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នយោបាយ ឈ្នះ ឈ្នះ គឺជា «ទស្សន​វិជ្ជា​សនិ្តភាព» ប្រកបដោយ​ការប្តេជ្ញា​ចិត្តដ៏មុតមាំ​របស់​សម្តេចតេជោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    នយោបាយ ឈ្នះ ឈ្នះ គឺជា «ទស្សន​វិជ្ជា​សនិ្តភាព» ប្រកបដោយ​ការប្តេជ្ញា​ចិត្តដ៏មុតមាំ​របស់​សម្តេចតេជោ នយោបាយ ឈ្នះ ឈ្នះ គឺជា «ទស្សន​វិជ្ជា​សនិ្តភាព» ប្រកបដោយ​ការប្តេជ្ញា​ចិត្តដ៏មុតមាំ​របស់​សម្តេចតេជោ

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កងទ័ពជើងគោក បានថ្លែងថា តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការ​បញ្ចប់​សង្រ្គាម​ដោយនយោបាយឈ្នះ ឈ្នះគឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញា​ចិត្តខាង​នយោបាយដ៏មុតមាំរបស់ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា​ស្ថាបនិក និងមគ្គុទ្ទេសក៍ឯក។

    ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ​ និងសមិទ្ធផល) « ចូលរួម ចែករំលែក ដើម្បីសន្តិភាព​ និងសុខដុមភាព» ទីស្តីការក្រសួង​ការពារជាតិ នាថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា« យើងទាំងអស់គ្នាស្រលាញ់សន្តិភាព​ ពិតណាស់សន្តិភាព មិនអាចទទួលបានដោយ​ងាយៗ​នោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ​ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកហើយ។

    តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះ គឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់​ សម្តេចតេជោ ដែល​ជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក»។

    ក្នុងន័យនេះការបញ្ចប់សង្គ្រាមមិនមែនជា​អព្ភូតហេតុ​ចៃដន្យនោះឡើយ​ ដូចនេះទើបនៅក្នុង​ដំណើរ​ការ​នៃការបញ្ចប់សង្គ្រាម​ក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយ​ទេព​កោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និង​សភាពការណ៍ជុំវិញ​មានភាព​ស្មុគ្រស្មាញ​ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។ លើសពីនេះគេក៏អាចនិយាយបានថា​ នយោបាយឈ្នះ ឈ្នះ ​នៅកម្ពុជា មានអត្ថន័យយ៉ាង​ទូលំទូលាយ​ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ​ដោយហេតុថា នយោបាយ​ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការ​ពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ​លើគ្រប់វិស័យ។

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រការពារជាតិសង្គ្រាម​ និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគ​អំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រមនៃការកកើតចលនា​ប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួមប្រវត្តិសាស្រ្តយោធា គឺជាធនធាន​ដ៏ចាំបាច់មួយ​សម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។

    ក្នុងន័យនេះ ​តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផល​វិបាក​នៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ​ឈ្នះ យើង​ក៏អាចនិយាយបានថា​ ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍​ដ៏សម្បូរបែប​ និងជាធនធានពុទ្ធិសម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមាន​សារៈសំខាន់​ចាំបាច់នាំឱ្យសម្រេចជោគជ័យក្នុងការបំពេញភារកិច្ចរបស់​កងយោធពលខេមភូមិន្ទ​ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ​និងទៅអនាគត។

    ដូច្នេះសិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់​នាយ​ទាហាន​កងយោធពលខេរមភូមិន្ទ ​តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្ត​នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និង​បទពិសោធន៍ដ៏មានតម្លៃ​ឧត្តុង្គឧត្តម​សម្រាប់យោធិនយើងក្នុង​នាមជាអ្នកជំនាន់ក្រោយ។

    លោកឧត្តមសេន៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងងដែរថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅ​ថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ ​នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់​ពីបាន​ប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិ​សាស្ត្រយោធានៅ​ថ្នាក់​យោធភូមិភាគ ​រួមមានយោធភូមិភាគទី៣,ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់​ដឹកនាំ​អង្គភាពកងពលធំកងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យ​ដំណើរការទៅមុខដោយ​អាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន ​និងទិសដៅសម្រាប់ពេលអនាគត៕

    អត្ថបទទាក់ទង