ក្រសួងបរិស្ថាន ព្រមានចាត់វិធានតាមផ្លូវច្បាប់លើអ្នកទន្ទ្រានយកដីរដ្ឋ តំបន់ការពារធម្មជាតិ និងដែនជម្រកសត្វព្រៃ ដោយគ្មានការលើកលែង
មណ្ឌលគិរី៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន នឹងចាត់វិធានការតាមផ្លូវច្បាប់លើអ្នកទន្ទ្រានយកដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ ដោយគ្មានការលើកលែងឡើយ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍បែបនេះក្នុងពេលដែលឯកឧត្ដម បានដឹកនាំក្រុមប្រតិភូក្រសួង និងក្រុមអ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់ពីការងារការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្ដមបានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បាននឹងកំពុងយកចិត្តទុកដាក់ការពារថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ កែវសីមា តាមរយៈការចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ជាពិសេស ការទន្ទ្រានយកដីដោយខុសច្បាប់។
សូមជម្រាបដែរថា ដែនជម្រកសត្វព្រៃកែវសីមានេះ គ្របដណ្ដប់លើផ្ទៃដីទំហំជាង ២៩ម៉ឺនហិកតា ឋិតក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី និងខេត្តក្រចេះ ។ ដែនជម្រកសត្វព្រៃ ដែលសម្បូរទៅដោយជីវៈចម្រុះច្រើនប្រភេទនេះ ជាទី ជម្រកនៃសត្វព្រៃកម្រៗ និងមានអំណោយផលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ដែលមានទាំងទឹកធ្លាក់ វាលស្មៅ ជម្រាលភ្នំ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច៕