ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្ដើមហើយនៅថ្ងៃនេះ
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកហិបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបើកហិបវិញ្ញាសាក៏មានការអញ្ជើញចូលរួមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
តាមបណ្តាខេត្តនានា ដំណើរការប្រឡងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។ តាមបណ្តាខេត្តនីមួយៗ ក៏មានការអញ្ជើញបើកហិបវិញ្ញាសាពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវបានរក្សា និងរឹតបន្តឹងដូចនឹងបណ្តាឆ្នាំផងដែរ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ។
ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ៖
ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល ៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។
ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល ៦០នាទី និងជីវវិទ្យា រយៈពេល ៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល៩០នាទី និងរូបវិទ្យា មានរយៈពេល៩០នាទី។ នៅពេលរសៀល មានមួយមុខវិជ្ជា គឺគណិតវិទ្យា មានរយៈពេល ១៥០នាទី។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។ ការប្រឡងនេះ គ្រោងនឹងប្រកាសលទ្ធផល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ Freshnews