គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការប្រឡងបាក់ឌុបថ្ងៃទី២ ដំណើរការដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណា​មួយកើត​ឡើង​គួរ​ឲ្យកត់សម្គាល់ឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២​ |
    ការប្រឡងបាក់ឌុបថ្ងៃទី២ ដំណើរការដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណា​មួយកើត​ឡើង​គួរ​ឲ្យកត់សម្គាល់ឡើយ ការប្រឡងបាក់ឌុបថ្ងៃទី២ ដំណើរការដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណា​មួយកើត​ឡើង​គួរ​ឲ្យកត់សម្គាល់ឡើយ

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការ​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជា គឺ​អក្សរ​សាស្ត្រខ្មែរ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមាន​បាតុភាព​មិន​ប្រក្រតីណា​មួយ​កើត​ឡើងគួរឲ្យកត់សម្គាល់ឡើយ។

    នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហា​សុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ បេក្ខជន​ដែល​មានបញ្ហា​សុខភាព​មួយ​ចំនួន​បានបន្ត​ការ​ប្រឡង​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​ក្រុម​គ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មាន​បញ្ហា​សុខភា​ព​ចំនួន ១៣ករណី។

    នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្ត​តាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​មាន​ការ​ចិត្ត​យក​ទុក​ដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយ​ការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការ​ត្រួត​ពិនិត្យ​អគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

    សូមជម្រាបថា សម្រាប់ការប្រឡងបាក់ឌុប​ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន​២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការ​ចូល​រួម​ដោយ​គណៈ​មេ​ប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយ​ការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តី​ចំនួន​៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕