ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានជាង ៨១ភាគរយហើយ គ្រោងបញ្ចប់នៅខែមិថុនា ២០២៣
ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងដ៏ធំនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ការងារសម្រេចបាន ៨១,៥៥ ភាគរយហើយ។ សម្រាប់ការងារដែលនៅសេសសល់ គឺនៅត្រង់ដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ និងការងារផ្លូវត្រង់គីឡូម៉ែត្រ ០+០០ ដល់គីឡូម៉ែត្រ ៥+៩០០ ជាដើម។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។
កន្លងមកឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលក្រវ៉ាត់ទេ ដោយសារត្រើយខាងកើតយើងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបក្លាយទៅជាក្រវាត់ក្រុងពេញលេញ។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕ BTVNews