សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនេះ បានធ្វើឡើងតាមសំណើររបស់អគ្គលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំណាក់កាលទី២។
សម្ដេចក្រឡាហោមមានប្រសាសន៍ទៀតថា កម្មវិធីជាតិ ស្ដីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ត្រូវបានតាក់តែងឡើងដើម្បីបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ខណៈកម្មវិធីជាតិដំណាក់កាលទី១ ដែលកំពុងអនុវត្តនាពេលបច្ចប្បន្ន គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ថ្វីដ្បិតកម្មវិធីជាតិ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់នាពេលខាងមុខ ប៉ុន្តែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅមិនទាន់ចប់នៅឡើយទេ ពោលគឺនៅមានកិច្ចការសំខាន់មួយចំនួនទៀតដែលត្រូវបន្តដោះស្រាយឱ្យមានភាពប្រាកដប្រជាថា កំណែទម្រង់នេះពិតជាកំណែទម្រង់មួយដែលមានភាពជាក់លាក់ ពិសេសប្រសិទ្ធភាពនៃការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បានបន្តថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាទាមទារឱ្យមានការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់បន្តអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេលវែង ពីព្រោះឆ្លងកាត់ការសិក្សាដកស្រង់ពិសោធន៍ពីបណ្ដាប្រទេសនានា ការងារកំណែទម្រង់នេះត្រូវការពេលវេលាយូររហូតដល់៧០ទៅ១០០ឆ្នាំ ខណៈកម្ពុជាទើបតែចេញដំណើរបានជាង១០ឆ្នាំ។
សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិនិត្យពិភាក្សានៅថ្ងៃនេះ ឯកសារសេចក្ដីព្រាងទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិដំណាក់កាលទី២ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប បន្តទៀត៕