គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សូមប្រុងប្រយ័ត្ន​! ព្យុះទី១៥ នឹងមកដល់កម្ពុជានៅថ្ងៃទី១១តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |
    សូមប្រុងប្រយ័ត្ន​! ព្យុះទី១៥ នឹងមកដល់កម្ពុជានៅថ្ងៃទី១១តុលា សូមប្រុងប្រយ័ត្ន​! ព្យុះទី១៥ នឹងមកដល់កម្ពុជានៅថ្ងៃទី១១តុលា

    ភ្នំពេញ៖ បន្ទាប់ពីវិសម្ពាធបានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធទាបមួយនៅចុងនៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាសម្ពាធទាបសកម្ម និងអាចក្លាយទៅជាព្យុះទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាមមុនដល់តំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ។

    ឯកឧត្ដម​ ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិង ឧតុនិយម  បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ខែតុលា ថា ស្ថានភាពផ្ទៃមេឃអាប់អួរនិងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅក្នងក្របខណ្ឌទូទាំងប្រទេសនៅបន្តកើតមានពេញមួយថ្ងៃទី១០ខែតុលានេះទៀត តែចាប់ពីថ្ងៃទី១១ ខែតុលាទៅស្ថានភាពភ្លៀងធូរស្រាលមកវិញបន្តិចសម្រាប់តំបន់ទំនាបកណ្តាលភាគពាយព្យបន្ទាប់ពីសម្ពាធទាបសកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៥ ហើយដើរឡើងគោកនៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងនៅចន្លោះព្រំដែនកម្ពុជា និងឡាវ។

    អ្នកនាំពាក្យក្រសួងបានបញ្ជាក់ថា ព្យុះទី១៥នេះមានការវិវត្តលឿន ពេលវាក្លាយជាព្យុះបានស្រូបទាញសភាពអាប់អួរនៅលើផ្ទៃប្រទេសអស់មួយផ្នែក ធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល តែមានភ្លៀងច្រើនខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ រលកខ្ពស់ៗ និងនៅភាគឦសាននៃប្រទេសមានខ្យល់ខ្លាំងនិងភ្លៀង នៅអំឡុងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ ច្រើននៅអាងទន្លេមេគង្គលើ និងនៅក្រោយថ្ងៃទី១៤ ខែតុលា ស្ថានភាពភ្លៀងធ្លាក់រាយប៉ាយនឹងកើតមានជាធម្មតាវិញនៅទូទាំងប្រទេស៕

    អត្ថបទទាក់ទង