រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣

ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ពីការផ្អាកចរាចរណ៍ទាំងស្រុងនូវរថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៦ ដល់១៩៣។
សេចក្ដីជូនដំណឹងឲ្យដឹងថា ដោយស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ចំនួន ៥ក្រុង-ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឲ្យលិចលង់ផ្លូវមួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ត្រូវបានលិចលង់។
ដូច្នេះ រដ្ឋបាលខេត្តពោធិ៍សាត់សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕