គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​​ប្រជាពលរដ្ឋ​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​​ប្រជាពលរដ្ឋ​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​ សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​​ប្រជាពលរដ្ឋ​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​

    ភ្នំពេញៈ នៅថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០២០ ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ សម្ដេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​។

    ក្នុងសារសម្ដេចតេជោ​បាន​ឲ្យដឹងថា​ ដោយស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃ​ប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low)នៅ​ចុង នៃប្រព័ន្ធ​សម្ពាធ​ទាប​វិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាព​ធាតុអាកាស​នៅក្នុងប្រទេស​កម្ពុជាយើង​ទទួលភ្លៀងធ្លាក់​ជា​បន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាល​ឲ្យខេត្ត​ភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ ។ ក្នុងពេលជាមួយគ្នានោះ​នៅតំបន់មាត់​សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។

    ដោយចំនុចមួយចំនួននៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីធានា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​ និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗដែលកើតជាយថាហេតុ ។

    សម្ដេតេជោបន្ត​ថា​ ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព។

    សម្ដេចតេជោ​ បាន​ថ្លែងអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និង​ដឹកនាំ​កម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបាន​ទាន់​ពេល​វេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជា​អតិបរមា​នូវ​ការ​លំបាក​ និង​ផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ សម្ដេចតេជោ​ ក៏បាន​ថ្លែងអរគុណផង​ដែរ​ដល់​សប្បុរសជន​នានា​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ជួយ​ដល់​បង​ប្អូនប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ៕

     

    អត្ថបទទាក់ទង