ជំនន់ទឹកភ្លៀង បណ្ដាលឲ្យប្រជាជនជិត ៥ម៉ឺនគ្រួសាររងផលប៉ះពាល់ និងមានអ្នកស្លាប់១៣នាក់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនជិត ៥ម៉ឺនគ្រួសារ ក្នុងនោះមានអ្នកស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដដែលបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើ៦៩ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។
ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ប្រជាជនប្រមាណ ៤៨ ៣១៧គ្រួសារ ស្មើប្រមាណ ១៩៣ ២៦៨នាក់ ប្រជាជនជម្លៀសប្រមាណ ៣ ០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់ ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) ផ្ទះប៉ះពាល់ប្រមាណ ៤៧ ៩២៣ខ្នង ផ្ទះខូចខាត ៥០ខ្នង សាលារៀនលិចទឹក ៤២៥កន្លែង ស្រូវលិចទឹកប្រមាណ ១៣១ ៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦ ៦៥៧ហិកតា ដំណាំរួមផ្សំលិចទឹក ៥៥ ៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦ ៣០១ហិកតា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ ផ្លូវលំជនបទលិចទឹកប្រមាណ ១ ៤៥៩ គីឡូម៉ែត្រ និង៣១ខ្សែ ស្ពានលិចទឹកប្រមាណ ២៤កន្លែង ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាន ៣៥២.៤គីឡូម៉ែត្រ៕