គម្រោងស្ថាបនាធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩% ហើយ
គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដែលគម្រោងនេះមានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ នេះបើតាមមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ។ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង មានទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC និងមានសួនច្បារចំកណ្តាល។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ មាន សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន នៅក្នុងស្រុក ក៏ដូចជាការតភ្ជាប់វិស័យ ដឹកជញ្ជូន ក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងមហាអនុតំបន់មេគង្គ ហើយក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយ នៃអាស៊ានហាយវ៉េលេខ១ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងអាចបង្កើនការនាំចេញ នាំចូលក្នុងប្រទេស និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ហើយប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ចេញពីការដឹកជញ្ជូនតាមដងផ្លូវនេះ៕
ប្រភព៖ BTVNews