រំភើបចិត្តមែន!! សារតាមកញ្ចប់បាយពីពលរដ្ឋជូនដល់កងទ័ព អានឲ្យស្ទើស្រក់ទឹកភ្នែក
បន្ទាយមានជ័យ៖ សារតាមកញ្ចប់បាយពីប្រជាពលរដ្ឋ ផ្ញើជូនដល់បងៗកងទ័ពពិតជាធ្វើឲ្យរំភើបចិត្តស្ទើស្រក់ទឹកភ្នែក។ ពលរដ្ឋក្នុងភូមិកឋិន ឃុំកឋិន ស្រុកថ្មពួកបានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។
នៅពេលដែលកងកម្លាំងបើកកញ្ចប់បាយ ដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា៖ ខ្ញុំបាទ ញាណ សំខឿន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កងកម្លាំងយើង អរគុណ ??។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន អោយតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ ១កញ្ជប់ ជូនកងកម្លាំងហូប៕