គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់(សាលារដ្ឋ) នឹងបន្តបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាខាងមុខនេះ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្រសួងអប់រំសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាខាងមុខនេះ។
ក្រោយពីបានបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈ ដំណាក់កាលពី២ ក្រសួងអប់រំយុវជន និងកីឡា សង្កេតឃើញថា គ្រឹះស្ថានបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ តាមការណែនាំ និងធានាបាននូវការសិក្សារបស់សិស្ស ប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)។
ក្នុងស្មារតីបន្តការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងធានាបាននូវនិរន្តភាព នៃការសិក្សារបស់សិស្សានុសិស្ស ក្រសួងបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធរណៈ និងអ្នកពាក់ព័ន្ធទាំងអស់បន្តអនុវត្តតាម គោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដូចក្នុងដំណាក់កាលទី២ និងសេចក្ដីណែនាំដទៃទៀតដែលស្ថិតនៅជាធរមាន។
គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្ត និងបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី៧ កញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០៕