អូស្ត្រាលី ប្ដេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងតម្លៃសមរម្យ
ភ្នំពេញ៖ អូស្ត្រាលី ប្ដេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្ថានទូតអូស្ត្រាលីបានឲ្យដឹងថា សប្តាហ៍នេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងទឹកប្រាក់ចំនួន ៥០០ លានដុល្លារអូស្ត្រាលី ស្តីពីការទទួលបានថ្នាំវ៉ាក់សាំង និងគម្រោងសន្តិសុខសុខាភិបាលក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោកស្រី Hon Marise Payne សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីអូស្ត្រាលី បានមានប្រសាសន៍ថា “សម្រាប់ប្រទេសក្នុងតំបន់យើង មិនមានអាទិភាពអ្វីខ្ពស់ជាងការទទួលបានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយ។”
លោកស្រីបានមានប្រសាសន៍ថា “ការទទួលបានថ្នាំវ៉ាក់សាំងទាន់ពេលវេលា និង ប្រកបដោយសុវត្ថិភាព នៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ នឹងមានន័យថា យើងទាំងអស់គ្នា អាចត្រឡប់មកកាន់ភាពធម្មតា ក្នុងការធ្វើដំណើរវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជាមួយដៃគូសំខាន់ៗរបស់យើងក្នុងតំបន់។”
គំនិតផ្តួចផ្តើមខាងលើនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្នាំ វ៉ាក់សាំង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ ក៏នឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្តល់ចំនួនកម្រិតថ្នាំវ៉ាក់សាំង ការវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធិភាពថ្នាំវ៉ាក់សាំង និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយនិងផែនការការចាក់ថ្នាំបង្ការ។
លោក Pablo Kang អគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថា “នេះគឺជាសេចក្តីប្រកាសដ៏សំខាន់មួយ ដែលពង្រីកការចូលរួមយ៉ាងជ្រៅរួចទៅហើយ របស់អូស្ត្រាលី ក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងដើរតួដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការទទួលបានជាសកល នៃថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអនុញ្ញាតដោយអង្គការសុខភាពពិភព លោក”។
គំនិតផ្តួចផ្តើមខាងលើនេះ បន្ថែមទៅលើការប្តេជ្ញាចិត្ត ក្នុងទឹកប្រាក់៨០លានដុល្លារអូស្ត្រាលី របស់ប្រទេសអូស្ត្រាលី តាមរយៈការប្តេជ្ញាចិត្តទីផ្សានៃយន្តការ COVAX (COVAX Facility Advance Market Commitment) ដែលត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានចំនួនកម្រិតថ្នាំវ៉ាក់សាំង អាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ជាងគេ។
ជំនួយគាំទ្រស្តីពីវ៉ាក់សាំងនេះ គឺជាការបន្ថែមទៅលើជំនួយអភិវឌ្ឍន៍របស់អូស្រ្តាលី ដែលកំពុង តែដំណើរការ សម្រាប់ការឆ្លើយតប និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩។
អូស្ត្រាលី ប្ដេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការទទួលបានដោយស្មើភាពគ្នា នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ៕