ឱសថ និងផលិតផលក្លែងក្លាយជាង៥០០តោន នឹងត្រូវដុតកម្ទេចចោល នៅថ្ងៃទី៥វិច្ឆិកានេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ នឹងធ្វើការដុតកម្ទេចចោលនូវឱសថ និងផលិត ផលក្លែងក្លាយជាង៥០០តោន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់នោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) ដែលបានចេញនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយទូទៅចំនួន៥៣៣តោន ដោយសរុបទាំងអស់គឺចំនួន៥៤០.៧តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ បានបង្រ្កាប និងរឹបអូសបាននាពេលកន្លងមកនោះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា ពិធីនេះនឹងមានការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្រ្តីរាជកា និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវអនុវត្តតាមការបង្គាប់របស់តុលាការ ហើយនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅបរិវេណទីលានចាក់សំរាម ដង្កោ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕