អបអរសាទរ!! ខួប១៧ ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណស្កូ

អបអរសាទរខួបលើកទី ១៧ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២០។ របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ ចូលរួមទាំងអស់គ្នា ក្នុងការលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ និងបន្តថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជាឲ្យបានគង់វង្ស៕
កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !