ប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងជិត២០០គ្រាប់ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងជិត ២០០គ្រាប់ និងវត្ថុមួយចំនួនទៀត នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានប្រទះឃើញអាវុធទាំងនេះ បានឲ្យដឹងថា ម៉ោងប្រហែល ១១និង៣០នាទី ថ្ងៃទី៨វិច្ឆិកានេះ ពួកគេបាន បានធ្វើដំណើរពីផ្ទះទៅរកបេះបន្លែនៅមាត់បឹង (កន្លែងកើតហេតុ) ស្រាប់តែបានប្រទះឃើញកេះដែកបិតមាត់ជិត។ ឃើញដូច្នោះខ្លួនក៏យកដៃទៅទាញបង្ហើបមើលឃើញអាវុធទាំងនោះ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅតែម្ដង។
ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធទាំងនោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។
សូមបញ្ជាក់ថា អាវុធដែលបានប្រទះឃើញទាំងនោះរួមមាន៖ អាវុធវែងម៉ាកការ៉ាប៊ីន ០១ដើម, អាវុធវែង ម៉ាក M16 ១ដើម, អាវុធខ្លីម៉ាក K៥៤ ៣ដើម, អាវុធខ្លី ម៉ាក P08 ២ដើម,បង់អាវុធ ម៉ាក K៥៤ ចំនួន ៣បង់ (មាន ១០៩គ្រាប់), បង់អាវុធ ម៉ាក M16 ចំនួន ៣បង់ (មាន ៦០គ្រាប់),បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ២បង់ (មាន ៩គ្រាប់),ស្រោមអាវុធខ្លី ១ដើម, កាំបិតខ្លី ១ដើម, ស្ព្រាយព៌ណខ្មៅ ១ដប និងកេះដែកទំហំ (៣០ស.មx៦០ស.ម) ចំនួន ០១កេះ៕