គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១

    ស្ទឹងត្រែង៖ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញ​ចែក​អាវ​រងារ​អំណោយ​ដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​កង​កម្លាំង​ប្រដាប់អា​វុធ​ទិស​យោធ​ភូមិ​ភាគ​ទី​១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ១២៨ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

    ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​នាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេច​ទំាងពីរ​តែង​យក​ចិត្តទុក​ដាក់គិតគូរគ្រប់​ពេលវេលាអំពី​សុខទុក្ខ​របស់​បង​ប្អូន​កង​ម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែល​កំពុង​ឈរ​ជើងបំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​អង់​អាច​ក្លាហានក្នុង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី​តាម​ខែ្សបន្ទាត់​ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី១។

    មេបញ្ជាការកងទ័ពជើងគោក បានឲ្យកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ បន្ត​រក្សា​ស្មារតី​សេ្នហា​ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព​អោយ​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង ​ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវ​សមិទ្ធផល​នានា​ដែល​បុព្វបុរស​ជំនាន់​មុន​ៗ​បាន​បង្កើត និងបន្សល់ទុកអោយជំនាន់ក្រោយ។ សុខសន្តិភាព ប្រៀប​បាន​ទៅ​នឹង​ខ្យល់​ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួន​មកជំនួសបើអវត្តមានសន្តិភាព ដូច្នេះសូម​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​កម្លាំង​ជួរ​មុខ ​បន្តការពារ និងថែរក្សានូវសុខន្តិភាពដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស។

    ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជា​រាជដ្ឋាភិបាល​បាន​រក្សា​នូវ​ប្រសិទ្ធ​ភាព​ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលរបស់ជម្ងឺរាតត្បាតកូវីដ-១៩ទូទាំ​ងផ្ទៃប្រទេសយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជម្ងឺនេះទ្បើយ ព្រោះថា​​អត្រាកើនទ្បើននៃការរីកដាលនៅតាមបណ្តាប្រទេសនានានៅតែបន្ត ដោយសារ​កើត​ទ្បើង​នូវ​ភាពធូររលង់មួយរយៈពេលខ្លី។ ដូច្នេះហើយ សម្តេចតេជោ លោកបាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការ​អនុវត្ត​នូវ​វិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អ ជាពិសេស​នៅ​ក្នុង​រដូវ​ត្រជាក់នេះ បើមានជម្ងឺផ្តាសាយកើតទ្បើង សូមធ្វើការរូតរះទៅមន្ទីពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ប្ញ សហគមន៍ទាំងមូល។ ជម្ងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ និងអាយុជីវិតយើងនិងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ក្នុងន័យនេះ​សូម​កង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទចូលរួមសហការ និងបន្តចាត់វិធានការ​តឹងរ៉ឹង​ការពារ​មិន​ឲ្យ​មាន​ការ​រីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង។

    ជាមួយ​គ្នានេះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរ​ចំពោះភាព​អង់​អាច​ក្លាហាន​របស់បង​ប្អូនចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាព​ទឹក​ដី​ដោយ​ភាព​សហការ អំណត់អត់ធន់ រួមជាមួយភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋតាមបណ្តោយបន្ទាត់ព្រំដែន និង​សូមកោតសរសើរចំពោះការការពារមិនឲ្យមានការរីករាលដាលនូវជំងឺរាតត្បាតកូវីដ-១៩ក្នុង​អង្គភាព ​និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង៕

    អត្ថបទទាក់ទង