កុមារា ប៉ិច ធារ៉ា ទទួលបានការឧបត្ថម្ភសម្ភារៈមួយចំនួនពីក្រុមចលនាយុវជន ក១៥៧
ភ្នំពេញ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ប៉ិច ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់ស្រលាញ់កីឡាជិះកង់ បានចូលរួមប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ។
កុមារាឈ្មោះ ប៉ិក ភារ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៃបឋមសិក្សា មង្គលស្ថាវ័ន្ត ។ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្នុងគ្រួសារមានបងប្អូន៥នាក់ ឪពុកជាជាងសំណង់ និងម្ដាយជាមេផ្ទះ (កំពុងមានជំងឺ) រូបគេជាកូនពៅ។
កុមារា ប៉ិច ធារ៉ា ត្រូវបានគេស្គាល់គ្រប់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដោយបានShare តៗគ្នា អមដោយការកោតសរសើរពីទឹកចិត្តក្លាហាន ចូលរួមប្រកួតការប្រណាំងកង់ ព្រឹត្តិការណ៍ Cambodia MTB Series កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ រូបថតដែលជាស្នាដៃរបស់លោក កឹម សុវណ្ណា បានចែករំលែក លើបណ្ដាញសង្គមហ្វេសប៊ុក បានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជននៅទូទាំងប្រទេស ដោយភាគច្រើនកោតសរសើរនូវការតស៊ូរបស់កុមារារូបនេះ ក្នុងការប្រកួត ដោយមិនខ្វល់ថា ខ្លួនចាញ់ប្រៀបទាំងគុណភាពកង់ និងសម្ភារការពារខ្លួននោះឡើយ។
ដោយឃើញការខ្វះខាតខ្លាំងរបស់កុមារា ប៉ិច ធារ៉ា ឯកឧត្ដម ម៉ឹង ពន្លឹក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចង្អុលបង្ហាញអោយបងប្អូន (ក្រុមកង់១៥៧) ចូលរួមសហការគ្នាដើម្បីទិញកង់ថ្មី និងរៀបចំអំណោយមួយចំនួនជូនកុមារា ប៉ិច ធារ៉ា ក៏ដូចជាក្រុមគ្រួសារ។
ដែលអំណោយទាំងនោះរួមមាន៖ កង់ថ្មី (ម៉ាក Cannondale) ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ , ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ , ទឹកត្រី ១យួរ , ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស នឹងថវិកា ៧០០ ០០០ រៀល៕