ស្រូវពូជ និងពូជបន្លែជាច្រើនមុខ ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ស្រូវពូជចំនួន ១៧១តោន និងពូជបន្លែចំនួន ៦មុខ ត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ចំនួន១៧១០គ្រួសារ មកពីក្រុង-ស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាល និងចែកស្រូវពូជពេលនេះ បានប្រព្រឹត្តទៅនៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំងទាំង ១៧១០គ្រួសារ ក្នុងនោះមានមកពីស្រុកបរិបូណ៌ចំនួន ២២៥ គ្រួសារ, ស្រុកជលគីរី ចំនួន ៥៦៧គ្រួសារ, ស្រុកកំពង់លែងចំនួន ១៥២ គ្រួសារ, ស្រុកកំពង់ត្រឡាចចំនួន ៣២២ គ្រួសារ, ស្រុករលាប្អៀរចំនួន ៤១៤ គ្រួសារ, និងក្រុងកំពង់ឆ្នាំងចំនួន ៣០ គ្រួសារ, ក្នុងនោះដែរមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម និងពូជបន្លែ ៦មុខ៕