នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្ដល់ម៉ាស និងបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ឡាវ៖ ឯកឧត្ដម ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ម៉ាស និងគ្រឿងបរិក្ខាពេទ្យជាច្រើនមុខ ដល់ប្រទេសឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា ឯកឧត្ដមពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង អញ្ជើញចូលរួមជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រគល់ ទទួលអំណោយមនុស្សធម៌សម្ភារៈបរិក្ខាវេជ្ជសាស្ត្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើដល់ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្ដម បានថ្លែងនូវអំណរគុណដ៏ជ្រៀលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែមានក្ដីព្រួយបារម្ភ និងបានផ្ដល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា បានទាន់ពេលវេលា ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទរវាងប្រទេសទាំងពីរ។ ឯកឧត្ដមបន្តថា នឹងប្រើប្រាស់គ្រឿងបរិក្ខាវេជ្ជសាស្ត្រទាំងអស់នេះ ឲ្យមានលទ្ធផលខ្ពស់បំផុតក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្ដម មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ថ្នាក់នាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កម្ពុជានឹងអាចយកឈ្នះការរីករាលដាលជំងឺកូវីដ១៩បានដោយជោគជ័យ។
ឯកឧត្ដម ថងលុន ស៊ីសុលីត ក៏បានជូនពរដល់សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័ក សូមទទួលបាននូវសុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1៕