ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងចុះចែកម៉ាសជូនប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាសចំនួន ២ម៉ឺនម៉ាសបន្ថែមទៀតពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។
ដោយបានទទួលការអនុញ្ញាតពីឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិបត្តិការចែកម៉ាសលើកទី៣របស់អាវុធហត្ថរាជធានីភ្នំពេញ បានជ្រើសរើសយកគោលដៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះចែកដោយផ្ទាល់ និង មានការចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងខណ្ឌដង្កោ ព្រមទាំងយុវជ ស.ស.យ.ក សង្កាត់ព្រែកកំពឹសផងដែរ។
តាមផ្លូវទៅកាន់គោលដៅចែកម៉ាសក្នុងខណ្ឌដង្កោ ឯកឧត្ដម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ ក៏បានឈប់ចែកដល់អ្នកដំណើរដែលមិនមានពាក់ម៉ាសមួយចំនួនជាបន្តបន្ទាប់ និងបានផ្សព្វផ្សាយសារសម្លេងតាមរយៈ ឧឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ចំនួន១២គ្រឿង ស្តីពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លងកូវីដ១៩ ដែលសារសំឡេងទាំងនេះ ផ្តួចផ្តើមថតចេញឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ផ្ទាល់។
គួរបញ្ជាក់ផងដែរថា ម៉ាសក្រណាត់ ដែលបានចែកជូននាពេលនេះ អាចបោកទឹកយកមកប្រើប្រាស់បានច្រើនដង ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ចេញចំនួន២លានម៉ាស ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រគល់ឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើការចាត់ចែងចែកជូនឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្រីក្រ នៅរាជធានីភ្នំពេញ៕