ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦០កន្លែង ដល់និស្សិត លើជំនាញ ៣
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន ៦០កន្លែង ដល់និស្សិតចូលសិក្សាថ្នាក់បន្តបរិញ្ញាបត្រ(២+២) សម្រាប់សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។
អាហារូបករណ៍នេះ ផ្ដល់ដល់និស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្ររង សម្រាប់សិក្សាថ្នាក់បន្តបរិញ្ញាបត្រ (២+២) ផ្ដោតលើជំនាញចំនួន៣៖ វិទ្យាសាស្ត្រដំណាំចំនួន ២០កន្លែង, វិទ្យាសាស្ត្រសត្វចំនួន ២០កន្លែង និងកុំព្យូទ័រធុរកិច្ចចំនួន ២០កន្លែង។ និស្សិតដែលចាប់អារម្មណ៍នូវជំនាញខាងលើនេះ អាចទៅទទួលពាក្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដោយផ្ទាល់ ឬអាចទាញយកពាក្យស្នើសុំបានតាមរយៈគេហទំព័រ www.ksit.edu.kh ។ កាលបរិច្ឆេទ នៃការទទួលពាក្យចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ដែលឈានមុខគេតាមបណ្ដាខេត្ត លើការច្នៃប្រតិដ្ឋ និងនវានិវត្តន៍ផ្នែកបច្ចេកវិទ្យា និងកសិកម្ម ដែលមានបង្រៀននូវ ៦ មុខជំនាញដូចជា វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ កំព្យូទ័រធុរកិច្ច បច្ចេកវិទ្យាអាហារ និងជំនាញដំឡើងប្រព័ន្ធអគ្គិសនី។ វិទ្យាស្ថាននេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤៤ ភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕