លទ្ធផលតេស្តលើកទី៤ របស់ឯកឧត្ដម វេង សាខុន និងលោកជំទាវ បង្ហាញថាអវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី១៩ វិច្ឆិកានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា លទ្ធផលតេស្តសំណាកលើកទី៤ ដែលជាលើកចុងក្រោយ ចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា ឯកឧត្តម និងលោកទាវ អវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្ដមផ្ទាល់។
ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ដោយក្ដីរំភើបរីករាយដោយនៅរសៀលនេះក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាលថា លទ្ធផលនៃការធ្វើតេសត្តលើសំណាកដែលបានផ្ដល់ជាលើកទី៤ នាព្រឹកមិញនេះបង្ហាញថា ឯកឧត្ដម អវិជ្ជមានវីរុសកូវីដ១៩ ដ៏សាហាវនេះ។
ឯកឧត្ដមមានប្រសាសន៍ដូច្នេះថា «យើងខ្ញុំករុណា ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀតគឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវិដ ១៩ ។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺដល់កំណត់នៃការធ្វើតេស្តលើកទី៤ ចំពោះអ្នកពាក់ព័ន្ធទាំងដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្នុងនោះដែរសម្រាប់លទ្ធផលនៃការធ្វើតេស្តនឹងចេញជាបន្តបន្ទាប់ ក្នុងរយៈតែមួយថ្ងៃនេះប៉ុណ្ណោះ៕