នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់ឲ្យក្រុមការងារចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង ១៨ ក្នុងស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ប្រាប់ដល់ក្រុមការងារឲ្យចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ក្រោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹងរងការខូចខាតទាំងផ្លូវ ស្ពាន សាលារៀន ដូច្នេះក្រុមការងារទាំងអស់ត្រូវចុះមូលដ្ឋានពិនិត្យមើលផ្លូវថ្នល់ ស្ពាន សាលារៀន ពិសេសគឺ ស្រូវពូជ ពូជដំណាំសម្រាប់កសិករដាំដុះ ដើម្បីជួយសម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានដោះស្រាយ ជួយកសាង សាលាបឋមសិក្សាពោធិព្រឹក ដែលសាលា ៣ខ្នងនេះ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន កសាងតាំងពីឆ្នាំ១៩៩៥មកម្លេះ ហើយបច្ចុប្បន្ននេះសាលាមានសភាពទ្រុតទ្រោមខ្លាំង ដោយមើលឃើញពីការលំបាកក្នុងការរៀនសូត្រ និងខ្លាចមានការបាក់រលំធ្វើឱ្យគ្រោះថ្នាក់ដល់សិស្សានុសិស្សទើប ឯកឧត្តម ជួយធ្វើថ្មីឡើងវិញ ចំនួន ៣ខ្នង ស្មើ ១៥បន្ទប់ ដែលស្ថិតក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង។ ដោយឡែកឯកឧត្តម ក៏បានជួយឧបត្ថម្ភ កសាងផ្ទះថ្មីចំនួន១០ខ្នងទៀត ជូនប្រជាពលរដ្ឋដែលខ្វះខាតមកពីស្រុកកោះធំផងដែរ៕