លោកជំទាវ ម៉ែន សំអន នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ១០៦គ្រួសារ នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុករំដួល នៃខេត្តស្វាយរៀង សរុបចំនួន ១០៦គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីករាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែគិតគូរជានិច្ច ពីសុខទុក្ខសុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។
លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង ១០៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប កន្ទេលបត់ ១ ឃីត ១កញ្ចប់ និងថវិកាធ្វើដំណើរចំនួន៥ម៉ឺនរៀលផងដែរ ៕