ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប
ព្រះវិហារ៖ ថ្លែងក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប។
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់។
ឯកឧត្ដមបន្តថា ស្ថានភាពនេះ បានតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេសដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗមួយចំនួនទៀត នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រជាជនយើង។ ឯកឧត្តម សង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតជានៅជានិរន្តរ៍ជាមួយប្រជាជនកម្ពុជាគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ឲ្យដឹងថា ក្រសួងបរិស្ថាន ប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស៕