ឯកឧត្ដម ម៉ម ប៊ុនហេង ចូលរួមវេទិកាអាស៊ានលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមវេទិកាអាស៊ានចិនលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូ។
វេទិកានេះតែងតែរៀបចំធ្វើឡើងជាទៀងទាត់រាល់២ឆ្នាំម្ដងនៅទីក្រុងណាណីង ខេត្តក្វាងស៊ី ប្រទេសចិន តែដោយសារស្ថានភាពនៃការរីករាលដាល់នៃជំងឺកូវីដ១៩ វេទិកាឆ្នាំនេះត្រូវបានរៀបចំតាមរយៈប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង២០ និងរដ្ឋមន្ត្រីនៃគណៈកម្មាធិការសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រតិភូអម។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹង ព្រមទាំងកំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ានចិន ពិសេសប្រធានបទឆ្នាំនេះ ផ្ដោតលើ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងវេទិកានេះផងដែរ ឯកឧត្ដម រដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន ដែលគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំផ្ទាល់គណៈកម្មាការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ឯកឧត្ដម បានបន្តថា កម្ពុជាបានបង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានវិស័យអាទិភាពចំនួន៩ រួមមាន៖ ទី១.ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការចំពោះមុខ, ទី២.ការតាមដាន និងការវាយតម្លៃហានិភ័យ, ទី៣. ការរៀបចំមន្ទីរពិសោធន៍, ទី៤. សេវាថែទាំសុខភាព និងការគ្រប់គ្រងការព្យាបាល, ទី៥. ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ, ទី៦. វិធានការសុខភាពសាធារណៈមិនពាក់ព័ន្ធនឹងឱសថ, ទី៧. ទំនាក់ទំនងហានិភ័យ, ទី៨. ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន និងទី៩. ការគ្រប់គ្រងភស្ដុភាបានល្អ។
ឯកឧត្ដមរដ្ឋមន្ត្រីបានជំរាបដល់សមាជិកចូលរួមក្នុងវេទិកាថា កម្ពុជាកំពុងអនុវត្តមូលនិធិសមធម៌ សម្រាប់ប្រជាជនក្រីក្រ មូលនិធីគាំពារសុខភាពសង្គម សម្រាប់កម្មករ មន្ត្រីរាជការ និវត្តន៍ជន។ បន្ថែមលើសពីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឲ្យអនុវត្តនូវការបញ្ជូនសាច់ប្រាក់ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះ និងដល់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ។
ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសង្គត់ធ្ងន់ផងដែរថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាអ្នកដឹកនាំ គ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលារបស់គណៈកម្មាធិការសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ១៩ ក៏ដូចជាការចូលរួមរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩៕