ក្រសួងយុត្តិធម៌ អំពាវនាវដល់ជនរួមជាតិកុំចាញ់ឧបាយកលរបស់ឧក្រិដ្ឋជន និងត្រូវរាយការណ៍មុខសញ្ញាពាក់ព័ន្ធទៅអាជ្ញាធរមានសមត្ថកិច្ច
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កាលពីកន្លងទៅថ្មីនេះ មានមនុស្សមួយក្រុមក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិដែលជាអង្គការខុសច្បាប់ បានចេញសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងទៅនឹង ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។
ក្រសួងយុត្តិធម៌បានពិនិត្យតាមដាន និងសិក្សាដោយយកចិត្តទុកដាក់ចំពោះករណីខាងលើនេះ និងបានពិនិត្យឃើញថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី ខាងលើពុំមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ជោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើមូលដ្ឋានផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឲ្យបានម៉ឺម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្ដីសុខសាន្តរបស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវផងដែរដល់ជនរួមជាតិ សូមកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បតើ ដែលត្រូវមានទោសធ្ងន់តាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ថគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕