ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងស្ថានភាព នៃវិបត្តិជំងឺកូវីដ១៩ ដល់មេបញ្ជាការកងទ័ពជើងគោកអាស៊ាន
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងស្ថានភាព នៃវិបត្តិជំងឺកូវីដ១៩ ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ៩ ផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ តាមរយៈប្រព័ន្ធវីដេអូ Conference ដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិ នៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យកងទ័ពនៃប្រទេសនីមួយៗត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតាទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។
ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាននីមួយៗលើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាល នៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងការគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ ៣ ក្នុងចំណោម ១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជាលើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់។
នៅចំពោះមុខវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅឡើយ កិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការនៃការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរបទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា ដើម្បីឱ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរក្សាបាននូវសុវត្ថិភាពខ្ពស់៕