អំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ
ភ្នំពេញ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា រួមមានម៉ាសចំនួនជាង២លាន និងសម្ភារវេជ្ជសាស្ត្រជាច្រើនមុខទៀតបានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សូមជំរាបជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានផ្ញើលិខិតមួយជូនលោកស្រី អោងសាន ស៊ូជី ដោយបានផ្ដល់អំណោយម៉ាស់ចំនួន ២លានម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
ក្នុងលិខិតនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់ការពារ(ជាឈុត) ចំនួន ២ម៉ឺនឈុត, ឧបករណ៍កំដៅ ចំនួន៥០០, របាំងការពារមុខ ចំនួន២ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដក ដង្ហើម ចំនួន២០, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង ចំនួន ៥០០កេស, ស្បែកជើងកវែង ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕