សូមថែរក្សាសុខភាព! អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ក្នុងរដូវរំហើយឆ្នាំនេះ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពអាកាសធាតុក្នុងរដូវរំហើយនៅព្រះរាជាណាចក្រកម្ពុជា នឹងចុះត្រជាក់ជាងបណ្ដាឆ្នាំកន្លងទៅ (ខែធ្នូ ឆ្នាំ២០២០- ខែមករា ឆ្នាំ២០២១)។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងដែរថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូតឡានីណា ((La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជា។
តាមការព្យាករលក្ខណបែបនេះ នឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ចំនួន ២លើក៖
១. លើកទី១ គឺចាប់ពីសប្ដាហ៍ទី១ ខែធ្នូ ដល់សប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖
– បណ្ដាខេត្តនៅភាគខងលើ ក្នុងភូមិសាស្ត្រតំបន់ជួភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨ oC ទៅ ២១ oC។
– បណ្ដារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨ oC ទៅ ២២ oC។
២. លើកទី២ គឺចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរថ្ងៃ ក្នុងនោះមាន៖
-បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦ oC ទៅ ១៩ oC។
– បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨ oC ទៅ ២១ oC៕