តង់ដែលវៀតណាមបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្ដាល ត្រូវបានរុះរើចេញវិញអស់ហើយ
កណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ ។ នេះបើតាមយោងតាមការបញ្ជាក់ពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។
ការរុះរើតង់នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤វិច្ឆិកាម្សិលមិញ។
សូមបញ្ជាក់ថា ដើម្បីរឹតបន្តឹងការឆ្លងដែន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធានៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។ បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា រួមមានទាំងការធ្វើកំណត់ទូតផងនោះ ប្រទេសវៀតណាម ក៏បានរុះរើតង់មួយចំនួនចេញ មុននឹងឈានដល់ការរុះរើទាំងស្រុងនៅថ្ងៃនេះផងដែរ៕ ប្រភព៖ FreshNews