Breaking News: អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្ដម ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាល។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលជាភរិយារបស់អគ្គនាយកពន្ធនាគារ បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
ពាក់ព័ន្ធការរកឃើញអ្នកវិជ្ជមានដែលអាចចាត់ទុកជាការឆ្លងចូលសហគមជាលើកដំបូងនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ផងដែរ។
ក្នុងសារសំឡេងណែនាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពី គ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ៕ ប្រភព៖ FreshNews