ឯកឧត្ដម ហ៊ុន ម៉ានី ជួបប្រជុំជាមួយគណៈអភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ ស្វែងយល់ពីសភាពការណ៍ជាក់ស្ដែងនៅមូលដ្ឋាន
ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣កញ្ញានេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។
សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នាថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយបានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តស្វាយរៀងផ្ទាល់ និងវិធានជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក៕