អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ មិនមានអ្នកវិជ្ជមានវីរុសកូវីដ១៩ ទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី៣០វិច្ឆិកានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ទាំងអស់ ពុំមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ទេ
យោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកដល់ត្រឹមម៉ោង៦និង០០នាទី ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩នោះទេ។
អ្នកនាំពាក្យបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការដែលមានការជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ទោះដោយផ្ទាល់ ឬដោយប្រយោល បាននិងកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក(ចត្តាឡីស័ក) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕