អំណោយជាម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកជញ្ជូនទៅប្រទេសទីម័រឡេស្ត នៅថ្ងៃទី២ធ្នូខាងមុខនេះ
ភ្នំពេញ៖ អំណោយជាម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្ត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានរៀបចំរួចរាល់ហើយ នៅល្ងាចថ្ងៃទី៣០វិច្ឆិកានេះ។
អំណោយទាំងនេះ ត្រូវបានរៀបចំដាក់លើយន្តហោះរួចរាល់ ហើយនឹងត្រូវដឹកជញ្ជូនតាមយន្តហោះពិសេសទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
អំណោយទាំងអស់នេះ រួមមានម៉ាស់ចំនួន១លាន ម៉ាស់ក្រណាត់ ៥ម៉ឺន ម៉ាស់N95 ១ម៉ឺន, វ៉ែនតាការពារ ចំនួន១ម៉ឺន, សម្លៀកបំពាក់ការពារមួយឈុត សម្រាប់មន្ត្រីសុខាភិបាល ចំនួន ១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងការពារមុខ ចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន១០, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន១០, ម៉្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុង ចំនួន២៥០, ស្បែកជើងកវែង ៥០០ និងទឹកសាប៊ូលាងដៃ ១ពាន់។
សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់អំណោយជាម៉ាស និងសម្ភារៈវេជ្ជសាស្ត្រទៅឲ្យប្រទេសជាមិត្ត ដោយលើកទី១ ផ្ដល់ឲ្យប្រទេសឡាវ ចំនួន ២លានម៉ាស និងបរិក្ខារពេទ្យមួយចំនួន, លើកទី២ ផ្ដល់ឲ្យប្រទេសមីយ៉ាន់ម៉ា ចំនួន ២លានម៉ាស និងបរិក្ខារពេទ្យមួយចំនួន៕