គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «កឹម សុខា ផ្លែផ្កាឲ្យក្រុមឧទ្ទាមក្រៅច្បាប់ពេលក្រុមនេះប្រកាសចូលស្រុក!»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    លិខិតមិត្តអ្នកអាន៖ «កឹម សុខា ផ្លែផ្កាឲ្យក្រុមឧទ្ទាមក្រៅច្បាប់ពេលក្រុមនេះប្រកាសចូលស្រុក!» លិខិតមិត្តអ្នកអាន៖ «កឹម សុខា ផ្លែផ្កាឲ្យក្រុមឧទ្ទាមក្រៅច្បាប់ពេលក្រុមនេះប្រកាសចូលស្រុក!»

    នៅក្នុងសំណេរតាមហ្វេសប៊ុកនាល្ងាចថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២០ នេះ កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងកំពុងធ្វើជា «ត្រីងៀតឆ្លៀតពង»ក្រោមលេសនៃសកម្មភាពមនុស្សធម៌នោះ បានសរសេរផ្លែផ្កាឌឺដងឲ្យក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងចាស់ដៃ។

    កឹម សុខា អះអាងថា «… ការ ដែលខ្មែរចង់កម្ចាត់គ្នាគឺនាំឲ្យបាត់បង់ពេលវេលានិងធនធានមនុស្សដើម្បីកសាងប្រទេស…។ ប្រទេសកម្ពុជាជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំកើត រស់ និងស្លាប់ ដែលមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរនិងមាតុភូមិកម្ពុជាឡើយ…. ។ កឹម សុខា បន្តថា ខ្លួនមិនលើកទឹកចិត្តឲ្យមានការរើសអើង សងសឹកគ្នារវាងខ្មែរនិងខ្មែរទេ…»

    សំណេរទាំងនេះ គឺជាពាក្យផ្លែផ្កា ឌឺដងចំៗទៅលើក្រុមអតីតយុទ្ធមិត្តក្លែងក្លាយរបស់ខ្លួនដែលបាន និងកំពុងបង្កព្យុះភ្លៀងធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រោះថ្នាក់ដល់អ្នកគាំទ្រខ្លួនជាបន្តបន្ទាប់តាមរយៈសកម្មភាពញុះញង់ឲ្យអ្នក ទាំងនោះប្រព្រឹត្តអំពើបំពានច្បាប់ ហើយមានទោសទណ្ឌដើម្បីកេងចំណេញនយោបាយ។

    ទន្ទឹមនឹងនោះ កឹម សុខា ក៏ចង់ប្រដៅក្រុមអ្នកនយោបាយដែលជំនាញខាងរត់ចោលស្រុកឲ្យចេះគិតប្រយោជន៍ជាតិ និងចេះផ្តល់សារៈសំខាន់ដល់ប្រទេសជាតិដែលជាទីកន្លែងកំណើត និងទីដែលខ្លួនបានរស់ធំធាត់ ដោយមិនត្រូវធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិរបស់ខ្លួនឡើយ។

    កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក៏បានប្រដៅអតីតគូសត្រូវរបស់ខ្លួន គឺសម រង្ស៊ីកុំឲ្យប្រើនយោបាយញុះញង់បញ្ឆេះកំហឹងឲ្យមានការរើសអើងនិងសងសឹកគ្នាតទៅទៀត។

    សំណេររបស់ កឹម សុខា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែ វាបានកើតឡើងស្របពេលដែលក្រុមឧទ្ទាមមួយដំបរស្វារដែលជាជើងឯកខាងរត់ចោលស្រុក ស្រាប់តែប្រកាសថានឹងចូលមកកម្ពុជាវិញនៅឆ្នាំ ២០២១ ខាងមុខ ដើម្បីប្រឈមមុខជាមួយតុលាការ។

    តាមរយៈសំណេររបស់ខ្លួន  កឹម សុខា ទំនងជាធុញទ្រាន់ខ្លាំងណាស់នឹងពាក្យភូតកុហកដដែលៗឥតបានការរបស់ក្រុមជ្រុលនិយមមួយនេះដែលតែងតែប្រកូកប្រកាសភូតកុហកអ្នកគាំទ្ររបស់ខ្លួនអំពីផែនការវិលចូលស្រុកហើយដែលនៅទីបំផុតបានត្រឹមតែនាំទុក្ខទោសដល់អ្នកគាំទ្រតែប៉ុណ្ណោះ។ ចំណែកឯអ្នក ទាំងអស់នោះវិញ នៅទីបំផុតតែងតែយកលេសនេះលេស នោះដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះពាក្យសន្យារបស់ខ្លួនជានិច្ច។

    សាររបស់ កឹម សុខា ក៏ត្រូវបានគេមើលឃើញថា ចង់បន្តុះបង្អាប់ក្រុមឧទ្ទាមក្រៅច្បាប់ថា ជាមនុស្សធុនអន់ពីព្រោះសូម្បីតែរូបគាត់ស្ថិតក្នុងស្ថានភាពជាប់បំរាមតុលាការ ក៏នៅអាចធ្វើអ្វីបានខ្លះជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួនដែរ។ ចុះពួក រត់ចោលស្រុកវិញ តើបានធ្វើអ្វីខ្លះក្រៅពីញុះញង់ឲ្យខ្មែរ

    បែកបាក់និងបំផ្លិចបំផ្លាញប្រទេសជាតិរបស់ខ្លួននោះ?

    នេះមិនមែនជាលើកទី១ទេ ដែលកឹម សុខា បានបង្ហើរសារតាម ហ្វេសប៊ុកដើម្បីឌឺដងឲ្យក្រុមអតីតបងប្អូនគូសត្រូវរបស់ខ្លួនដែលមិនចេះគិតគូរប្រយោជន៍ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ ការបង្ហើរសារបែបនេះក៏ព្រោះតែ កឹម សុខា អាចយល់ឃើញថា ក្រុមនេះមិនបោះបង់ចោលចរិតបំផ្លាញជាតិទាល់តែសោះ។

    ម្យ៉ាងទៀត កឹម សុខា និងក្រុម កឹម សុខានិយមដឹងច្បាស់ណាស់ថា ខ្លួនមិនអាចដើរផ្លូវជាមួយ ក្រុមឧទ្ទាមក្រៅច្បាប់បានទៀត ទេ តែក៏មិនអាចនិយាយចំៗបាន ដែរ គឺមានតែការផ្ញើសារតាម អនឡាញទេដើម្បីឲ្យពួកទាំងនោះដឹងខ្លួន។ ទោះបីជាសាររបស់ កឹម សុខា មិននិយាយ ត្រង់ៗ ថាសំដៅលើអ្នកណា ប៉ុន្តែគេក៍អាចយល់បានយ៉ាងច្បាស់ថា តើអ្នកណាដែលកឹម សុខា ចង់សំដៅទៅរក។ គឺគ្មានអ្នកណាក្រៅពីអ្នកនយោបាយកំសាក រត់ចោលស្រុក និងធ្វើ នយោបាយដោយយកទឹកភ្នែកពលរដ្ឋជាឈ្នាន់នោះឡើយ។

    កឹម សុខា តែងតែសរសេរបង្កប់ន័យថា ធ្វើនយោបាយត្រូវចេះស្រឡាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ស៊ូស្លាប់រស់ជាមួយគ្នា មិនរត់ចោលគ្នា មិនបង្កការញុះញង់ឲ្យខ្មែរបែកបាក់ មិនប្រើហិង្សា និងមិនលាបពណ៌គ្នាជាដើមដែលសុទ្ធសឹងជាទង្វើរបស់អតីតបងប្អូនគូសត្រូវរបស់ខ្លួនទាំងអស់។

    ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កឹម សុខា និងក្រុមរបស់ខ្លួនក៏នៅតែជាមនុស្សកំសាកដូចគ្នាដែរ គឺកំសាកព្រោះតែមិនហ៊ានប្រកាសចែកផ្លូវជាមួយដៃគូទ្រូសមិត្តរបស់ខ្លួនឡើយដោយសុខចិត្តបៀមទុក្ខ បើទោះ ជានៅលើសាច់ការជាក់ស្តែងសម្ព័ន្ធភាពបានបែកបាក់រួចស្រេចទៅហើយក៏ដោយ។ ភាពកំសាកនេះក៏មិនផ្តល់អនាគត ដល់កឹម សុខា និងក្រុមរបស់ខ្លួន ដែរ។ ហើយភាពកំសាកនេះក៏ជាការបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនដែរដោយសារតែកឹម សុខា កំពុងធ្វើឲ្យពួកគេផ្ញើក្តីសង្ឃឹមលើសម្ព័ន្ធភាពផ្សែងដែលរលាយរលត់បាត់ទៅហើយ។ ដូច្នេះ ខ្ញុំយល់ថា ទំនងជាគ្មានអ្នកណាគ្រាន់បើជាងអ្នកណានោះទេ ព្រោះសុទ្ធតែជាក្រុមបោកដូចគ្នា ពោលគឺមិនខុសពីមួយដំបរនិងបួននោះឡើយ៕ ដោយ : អ្នកនយោបាយតុកាហ្វេ

    ពាក្យគន្លឹះទាក់ទង