ផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីយកទីតាំងធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិជាថ្មីម្ដងទៀត ដើម្បីយកទីតាំងនេះប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃនេះ។
ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ ឯចំពោះបុគ្គលិកអប់រំដែលមានទីតាំងបម្រើការងារក្នុងបរិវេណពហុកីឡដ្ឋានជាតិត្រូវបន្តធ្វើការតាមអនឡាញ។
សូមជម្រាបជូនថា ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០៕