ឯកឧត្ដម វេង សាខុន៖ ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារ និងឧស្សាហកម្ម មានសន្ទុះកើនឡើងគួរកត់សម្គាល់ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសន្ទុះនៃការរីកចម្រើនផលិតកម្មចិញ្ចឹមសត្វ ទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ដែលមានការកើនឡើងជាង១៧ភាគរយ បើធៀបនឹងឆ្នាំមុន។
ឯកឧត្ដម វេង សាខុន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាបាននិងកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។
ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា ជាក់ស្តែង ផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពី ៤២ ០២២ ១៣៧ក្បាល ទៅ ៤៩ ៤២៣ ៥៥៨ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។
ឯកឧត្ដម វេង សាខុន បានបន្តទៀតថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១ ២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧ ១៣៤ ៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១ ៣៣៩ ២១០ក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២ ៩៧៤ក្បាលផងដែរ៕