កម្ពុជា ត្រៀមដាក់តំបន់បេតិកភណ្ឌធម្មជាតិ ៤កន្លែង ក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោករបស់UNESCO
ក្រចេះ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យក្រសួងស្ថាប័នដឹកនាំក្រុមការងារ ចុះសិក្សា ដើម្បីរៀបចំឯកសារ ត្រៀមដាក់តំបន់ទេសចរណ៍ធម្មជាតិចំនួន៤កន្លែង ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះយកព័ត៌មាននៅរមណីយដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ។
លោកបានលើកឡើងថា មិនមែនត្រឹមតែព្រែកកាំពី មួយទេដែលយើងបានសិក្សា ប៉ុន្តែមាន៤កន្លែងយើងធ្វើការសិក្សា ក៏ដូចជាចងក្រងឯកសារដើម្បីត្រៀមជាបញ្ជី ត្រៀមស្នើសុំដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ៖
ទី១៖ ព្រែកកាំពី ជារមណីយដ្ឋានទេសចរធម្មជាតិមួយដែលមាន សម្រស់ទេសភាព ទឹកទន្លេដ៏ ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គចំនួន៩២ក្បាល។ ខណៈសព្វថ្ងៃព្រែកកាំពី កំពុងបានក្លាយទៅជាតំបន់ លំហែកាយមួយ ដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ។
ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ដែលជាតំបន់ ធម្មជាតិ មួយ របស់កម្ពុជា មានវត្តមានសត្វក្តានរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ជាពិសេសតំបន់នេះមានវត្តមាន ប្រភេទសត្វកម្រផ្សេងៗទៀត ជាដើម។
ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ ទាំងនោះរួមមាន ថ្មបីដុំជាដើម។
ទី៤៖ តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បច្ចុប្បន្ននេះ សត្វព្រៃសំខាន់ៗ នៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានប្រមាណជាង១០ប្រភេទ ក្នុងនោះមានសត្វត្រយងយក្សដែលតំណាងឱ្យប្រទេសកម្ពុជា និងមានចំនួនជាង ៥០០ក្បាល ហើយ ៩៩ភាគរយ សត្វនេះមានវត្តមាននៅក្នុងក្នុងប្រទេសកម្ពុជា ក្នុងក្របខណ្ឌទូទាំងពិភពលោក, សត្វក្រៀល, សត្វត្រយងចង្កំកស, សត្វត្មាត ព្រមទាំងប្រភេទសត្វកម្រផ្សេងៗទៀតផងដែរ។
លោកក៏បានឱ្យដឹងដែលថា រហូតមកដល់ពេលនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន បានធ្វើការងារចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោតជាដើម៕