គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ និង​ADB ​​រៀបចំ​សិក្ខាសាលាតាមអនឡាញស្ដីពី STEM និង EdTech នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងអប់រំ និង​ADB ​​រៀបចំ​សិក្ខាសាលាតាមអនឡាញស្ដីពី STEM និង EdTech នៅកម្ពុជា ក្រសួងអប់រំ និង​ADB ​​រៀបចំ​សិក្ខាសាលាតាមអនឡាញស្ដីពី STEM និង EdTech នៅកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាតាមអនឡាញស្ដីពី STEM និង EdTech នៅកម្ពុជា ដើម្បីបង្ហាញពី (១)ការអនុវត្តល្អៗពីអន្តរជាតិលើការអប់រំ STEM និង EdTech (២)ការសិក្សាវាយតម្លៃ STEM និង EdTech និង (៣)ដើម្បីពិភាក្សាអំពីអាទិភាពដែលជាមធ្យោបាយឆ្ពោះទៅមុខសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។

    សិក្ខាសាលានេះ បានចាប់ផ្ដើមកាលពីវេលាម៉ោង ៩ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមតាមអនឡាញពីលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស និវាសដ្ឋាន បេសកកម្មនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាស៊ី ប្រធានអង្គភាព និងគ្រូបង្រៀនសរុបប្រមាណជាង១ពាន់នាក់ នៅតាមវិទ្យាល័យធនធាន និងវិទ្យាល័យនានាទូទាំងប្រទេសតាមរយៈកម្មវិធី ZOOM ។

    នៅក្នុងសិក្ខាសាលានេះ រួមមានការធ្វើបទបង្ហាញដោយវាគ្មិនមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើប្រធានបទផ្សេងៗជាច្រើនដូចជា៖

    ១) ទិដ្ឋភាពទូទៅនៃការសិក្សាស្រាវជ្រាវប្រទេសដែលអនុវត្តកម្មវិធី STEM

    ២) ការអនុវត្តល្អៗលើជាសកល និងករណីសិក្សានៅប្រទេសសិង្ហបុរី

    ៣) ការរកឃើញបឋមពីការសិក្សាស្ទែមនៅកម្ពុជា

    ៤) គម្រោងសង្ខេបអំពីការសិក្សា EduTech នៅកម្ពុជា

    ៥) និន្នាការសកលលើ EduTech

    ៦) ការរកឃើញបឋមលើការវាយតម្លៃ EduTech នៅកម្ពុជា។

    ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោងជាច្រើនដែលបាននឹងកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនានានៅកម្ពុជា។

    លើសពីនេះទៀត ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ ADB ដែលបានធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តកម្មវិធី STEM នៅកម្ពុជាដើម្បីផ្ដល់ជាអនុសាសន៍ត្រឡប់មកកាន់ក្រសួងវិញ។ ឆ្លើយតបនឹងការរកឃើញនេះ ឯកឧត្ដមបានផ្ដល់មតិត្រឡប់អំពីវឌ្ឍនភាពនៃការសិក្សាស្ទែម នៅតាមវិទ្យាល័យធនធានដែលជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលបញ្ជាក់ថាយើងអាចអនុវត្តកម្មវិធីស្ទែមបានតាមលទ្ធភាព និងធនធានសម្ភារៈដែលយើងកំពុងមាន ហើយមូលដ្ឋានចាំបាច់ដែលធ្វើឱ្យការសិក្សាស្ទែមមានភាពទាក់ទាញនៅកម្ពុជាបាន គឺត្រូវមានអគ្គិសនី និងការបង្កើនល្បឿនអ៊ីនធឺណិតនៅតាមសាលារៀនឱ្យកាន់តែប្រសើរ៕

     

    អត្ថបទទាក់ទង