លទ្ធផលតេស្តលើកទី៣ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់

ភ្នំពេញ ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ សម្តេច និងសហការីព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៣ ដែលជាលើកចុងក្រោយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
តាមរយៈហ្វេសបុក សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា «ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តលើកចុងក្រោយ និងទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺ អវិជ្ជមានទាំងអស់។»
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការធ្វើតេស្តយកសំណាកសម្ដេច និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ក៏ដូចជាក្រុមគ្រូពេទ្យទូទាំងប្រទេសដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន យ៉ាងសកម្មដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់ ។
សម្ដេចពិជ័យ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការទប់ស្កាត់ និងការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រកា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥៩នាក់ ដោយក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់ ខណៈអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មានអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤០នាក់៕