[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាទិញវ៉ាក់សាំងពីប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ
![[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាទិញវ៉ាក់សាំងពីប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ](https://vopcambodia.com/wp-content/uploads/2020/12/photo_2020-12-15_15-03-2.jpg)
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៥ធ្នូនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងយ៉ាងច្បាស់ថា កម្ពុជានឹងទិញវ៉ាក់សាំងពីប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសយើង គឺជាប្រទេសសមាជិក នៃមជ្ឈមណ្ឌលកូវ៉ាក់ (Covac)។ មជ្ឈមណ្ឌលកូវ៉ាក់ (Covac) ជាផ្នែកមួយនៃការគាំទ្រនៃដំណើរការអង្គការសុខភាពពិភពលោកដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ កូវ៉ាក់ នឹងផ្ដល់ឲ្យយើង២០ភាគរយ នៃចំនួនប្រជាជនសរុប […] យើងទៅតាមយន្តការ កូវ៉ាក់ ច្បាស់ណាស់ថា កូវ៉ាក់នឹងមិនទិញ វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកនោះទេ យើងជឿទុកចិត្តដៃគូរបស់យើង។»
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ផងដែរថា សម្ដេចមិននឹកស្មានថា ការប្រកាសទិញវ៉ាក់សាំងកូវីដ១៩ បានក្លាយទៅជាចលនាជាតិដ៏ធំ និងជាខឿនការពារសុខភាព របស់ប្រជាជនកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា នៅពេលដែលសម្តេចបង្ហោះហ្វេសប៊ុកពីគម្រោងទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនេះ សម្តេចមិនបានគិតដល់បញ្ហាការចូលរួមភាគទានពីប្រជាពលរដ្ឋឡើយ។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖