ដំណឹងល្អ!! នៅព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយចំនួន ០៧ នាក់ និងគ្មានអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន ០៧នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ សម្រាប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលឲ្យដឹងដែរថា អ្នកដែលបានជាសះស្បើយទាំង ០៧នាក់នោះ ក្នុងនោះមាន ០៥នាក់ជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និង០២នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ជាមួយគ្នានេះដែរ ដោយសារមានបុរសម្នាក់ជាអ្នកជំងឺកូវីដ១៩ (មុនពេលរកឃើញថាមានវីរុសកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ធ្នូ វេលាម៉ោង ១៥ និង៣០នាទី ដល់ម៉ោង ១៦និង០០នាទីរសៀល សូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦២ នាក់ (ករណីនាំចូល ៣២១, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៤១នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣១៩ នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់ និងមិនមានអ្នកស្លាប់ទេ៕