គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ ​មានតម្លៃ ជាង​៨​ពាន់​លាន​ដុល្លារ​ត្រឹម​១០​ខែ ឆ្នាំ​២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |
    ​ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ ​មានតម្លៃ ជាង​៨​ពាន់​លាន​ដុល្លារ​ត្រឹម​១០​ខែ ឆ្នាំ​២០២០ ​ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ ​មានតម្លៃ ជាង​៨​ពាន់​លាន​ដុល្លារ​ត្រឹម​១០​ខែ ឆ្នាំ​២០២០

    ភ្នំពេញ ៖ កម្ពុជា​បាន​នាំចេញ​ផលិត​សំលៀកបំពាក់ ស្បែកជើង និង​ផលិត​ធ្វើដំណើរ មាន​ទំហំ​ទឹកប្រាក់​សរុប ៨,២ ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល ១០​ខែ​ ឆ្នាំ​២០២០​។

    តួលេខ​ពី​អគ្គនាយកដ្ឋាន​ពន្ធគយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បង្ហាញថា ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ នេះ បាន​ធ្លាក់ចុះ​ ៩​ភាគរយ​ ធៀប​នឹង​រយៈពេល​១០​ខែ ឆ្នាំ​២០១៩​ កន្លងទៅ​។ ការថយចុះ​តម្លៃ​នាំចេញ​ផលិតផល​កាត់ដេរ ​សំលៀកបំពាក់​ ស្បែកជើង និង​កាបូប​របស់​កម្ពុជា​ គឺ​ដោយសារ​ពិភពលោក​កំពុង​រឹតបន្តឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ ​និង​ការដឹកជញ្ជូន​ ជាពិសេស​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​រង​ផល​ប៉ះពាល់​។

    របាយការណ៍​ដដែល​បង្ហាញ​ថា គិត​ចាប់ពី​ខែមករា ​ដល់​ខែតុលា ​កម្ពុជា បាន​នាំចេញ​សំលៀកបំពាក់ មាន​ទឹកប្រាក់​សរុប ៦,១ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១០ ភាគរយ ការនាំចេញ​ផលិត​ស្បែកជើង មាន​ទឹកប្រាក់​សរុប ៩២៩ លាន​ដុល្លារ ​ធ្លាក់ចុះ ៦​ភាគរយ ​និង​ផលិតផល​ដំណើរ មាន​កាបូប ​និង​វ៉ា​លី មានតម្លៃ​សរុប ៧៨៨ លាន​ដុល្លារ ធ្លាក់ចុះ ១១​ភាគរយ​។ ចំណែក​ការនាំចេញ​ផលិត​វាយ​ន​ភណ្ឌ​ផ្សេងទៀត មានតម្លៃ​សរុប ​៣៣២ លាន​ដុល្លារ ថយ​ចុះ​៣៧​ភាគរយ​។

    នៅក្នុង​រយៈពេល​១០​ខែ​នេះ ទីផ្សារ​សហរដ្ឋអាមេរិក​ ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​កាត់ដេរ​របស់​កម្ពុជា ​ដែល​បាន​នាំចូល ​តំណាង​ឲ្យ​ប្រមាណ ​៣៧​ភាគរយ នៃ​ការនាំចេញ​សរុប ឬ​មាន​ទឹកប្រាក់​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ​។

    ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ​តំណាង ២២​ភាគរយ ឬ​ស្មើនឹង​ទឹកប្រាក់ ២,១​ពាន់​លាន​ដុល្លារ ទៅកាន់​ប្រទេស​ជប៉ុន ​តំណាង ១០​ភាគរយ ស្មើនឹង ​៧៣១ លាន​ដុល្លារ ​និង​ទៅកាន់​ប្រទេស​អង់គ្លេស រួមចំណែក ៧​ភាគរយ ឬ​ស្មើនឹង ៦១៥​លាន​ដុល្លារ​។​ ចំណែក​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​អាស៊ាន ​មានតម្លៃ​សរុប ១៩០​ លាន​ដុល្លារ ​និង​ទីផ្សារ​ដទៃ​ផ្សេងទៀត មាន​ទឹកប្រាក់​សរុប ​១,៤​ពាន់​លាន​ដុល្លារ​។

    យោងតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មានតម្លៃ ១៤,៦ ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៩ កើនឡើង ​១២,៧ ភាគរយ ធៀប​នឹង​ឆ្នាំ ​២០១៨ ខណៈ​ការ​នាំចូល​មាន​ ចំនួន ២២,៣ ពាន់​លាន​ដុល្លារ​កើន​ឡើង ១៨,៦ ភាគរយ​៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង