អាជីវករខ្មែរអាចចូលលក់ដូរនៅផ្សាររុងក្លឿឡើងវិញ ក្រោយបិទមួយរយៈដោយសារកូវីដ១៩
បាត់ដំបង៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ សម្រេចយល់ព្រមឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររុងក្លឿឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារបញ្ហាកូវីដ១៩នោះ។
គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះបានធ្វើការជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ទល់នឹងស្រុកសំពៅលូនខេត្តបាត់ដំបង ប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់។
ក្រោយកិច្ចប្រជុំបានបញ្ចប់ភាគីទាំងពីរ បានយល់ព្រមឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃ និងឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររុងក្លឿ ហើយនិងបើកឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនបណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដមអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ឯភាគីថៃដឹកនាំដោយអភិបាលខេត្តស្រះកែវ មេបញ្ជាការកងការពារកម្លាំងបូព៌ា នាយសេនាធិការរងសន្តិសុខផ្ទៃក្នុងខេត្តស្រះកែវ តំណាងក្រសួងមហាផ្ទៃ កុងស៊ុល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែននៃប្រទេសទាំងពីរផងដែរ៕