ព្រឹទ្ធសភាអនុម័តទាំងស្រុងលើរបៀបវារៈចំនួន៤ នៅថ្ងៃនេះ
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះបានសម្រេចអនុម័តទាំងស្រុងលើរបៀវារៈចំនួនបួន ដោយសំឡេងគាំទ្រចំនួន៥៧លើ៥៧សំឡេង ខណៈរបៀបវារៈចំនួនបីទៀត នឹងត្រូវយកទៅបន្តនាសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២២ធ្នូស្អែកនេះ។
កិច្ចប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមសរុបចំនួន ៥៧រូប។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈដែលព្រឹទ្ធសភាបានសម្រេចអនុម័ទទាំងស្រុងនោះ មានដូចជា៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជាដើមនោះ។
ឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងទៀតថា របៀបវារៈចំនួនបីទៀតដែលគ្រោងនឹងយកទៅបន្តពិភាក្សា អនុម័ត និងឲ្យយោបល់នាថ្ងៃស្អែកនោះ មានដូចជា៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១.ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។
២.ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ច-ព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕