ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបិទផ្លូវតវ៉ាបណ្តឹងបក្ស LDP ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូង

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាស្ថាពរបិទផ្លូវតវ៉ាពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ដែលប្តឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យនិងសម្រេចលើសំណុំរឿងចំនួន ២៨ ដែលជាសំណុំរឿងរបស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។
បន្ទាប់ពីសវនការត្រូវបានបញ្ចប់ការជំនុំជម្រះលើសំណុំរឿងចំនួន ២៨ នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចរួមមាន,ទទួលពាក្យបណ្តឹងទាំង ២៨សំណុំរឿងនេះ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែ បដិសេធចោលដោយខុសនឹងគតិច្បាប់, តម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល, ហើយសេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាព អនុវត្ត ទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមប្រឹក្សាធម្មនុញ្ញ្ញ បានសម្រេចបិទផ្លូវតវ៉ាម្តងរួចមកហើយ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ដែលប្តឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារអ្នកប្តឹងពុំមានគុណវុឌ្ឍិក្នុងការប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមច្បាប់កំណត់ ។ ក្នុងករណីនោះដែរ គ.ជ.ប ចាត់ទុកជាបណ្តឹងមានលក្ខណៈផ្ទុយច្បាប់ ពីព្រោះអ្នកប្តឹងពុំមែនជាអ្នករងឥទ្ធិពលផ្ទាល់ពីសេចក្តីសម្រេចរបស់ គ.ជ.ប នោះទេ៕ ប្រភព ៖ BTV