ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៧ នឹងត្រៀមថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៧ ដោយសំឡេងគាំទ្រចំនួន៥៧លើ៥៧សំឡេង នៅក្នុងប្រជុំលើក៦ ព្រឹទ្ធសភានីតិកាលទី៤ រយៈពេល ២ថ្ងៃមកនេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយមានសមាជិកព្រឹទ្ធសភាចូលរួមសរុបចំនួន ៥៧រូប។ នៅថ្ងៃទី២១ធ្នូ កិច្ចប្រជុំបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន ៤ ហើយនៅថ្ងៃទី២២ធ្នូនេះ កិច្ចប្រជុំក៏បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន ៣បន្ថែមទៀត ដោយទទួលបានសំឡេងគាំទ្រ ៥៧លើ៥៧សំឡេង។
បន្ទាប់ពីកិច្ចប្រជុំលើក៦ព្រឹទ្ធសភានីតិកាលទី៤ បានបញ្ចប់ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៧នោះត្រូវបានសមាជិកព្រឹទ្ធសភាសម្រេចអនុម័ត និងផ្តល់យោបល់ដោយបន្ទាន់រួចរាល់ជាស្ថាពរ ហើយនឹងត្រៀមថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខានាពេលខាងមុខនេះផងដែរ។
សេចក្តីព្រាងច្បាប់ទាំង៧នោះ រួមមាន៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក
៦- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។
- ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ច-ព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕